នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យចុះសួរសុខទុក្ខវីរយុទ្ធជនកងទ័ពការពារព្រំដែន នៃវរសេនាតូចលេខ០១ និងលេខ០២ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរដ៏ស្មោះស័្មគ្រចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរភាពរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចលេខ០១ និងលេខ០២ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតសិ្នទ្ធចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តជូនជាតិ និងបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ននានា គឺដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗក្នុងវិស័យធនធានទឹក និងឧតុនិយម ព្រមទាំងសមិទ្ធផលជាច្រើនទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា អំណោយជាសម្ភារៈបរិក្ខារ តាមការស្នើសុំរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនមានដូចជា៖ ស៊ីម៉ង់ត៍ចំនួន ១០តោន ដែក(១០លី)ចំនួន ១០០ដើម ថ្ម(១ x ២) ចំនួន ១០ម៉ែត្រគូប ខ្សាច់ចំនួន ១០ម៉ែត្រគូប ស៊ីទែនទឹកចំណុះ ៥០០០ លីត្រចំនួន ១២ស៊ីទែន អង្ករចំនួន ១២តោន មីចំនួន ១០០យួរស្មើនឹង ៣០០ កេសតូច ត្រីខ ចំនួន ៥០កេសស្មើនឹង ៥០០០កំប៉ុង ទឹកត្រីចំនួន ១០០យួរ ទឹកស៊ីអ៊ីវចំនួន ១០០យួរ ម៉ាស៊ីនភ្លើង ២គ្រឿង ព្រមទាំងថវិកាសម្រាប់កងកម្លាំងចំនួន ២៧០នាក់ ក្នុងម្នាក់ៗទទួលបាន ១០០០០០រៀល៕
























September 27, 2024
www.tsp68tvonline.com

0 Comments:
KKK
Post a Comment