(ស្ទឹងត្រែង)៖ ឯកសារផ្លូវការរបស់តុលាការបានទម្លាយឱ្យដឹងថា លោក អ៊ុំ សុភឿន អតីតអភិបាលរងនៃរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ធ្លាប់ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌ និងបានអនុវត្តទោសក្នុងពន្ធនាគារចំនួន ១៤ថ្ងៃ។
យោងតាមដីកាតុលាការ បានបង្ហាញថា លោក អ៊ុំ សុភឿន ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ខែ ដោយតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារចំនួន ១៤ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ជាមួយគ្នានេះ តុលាការក៏បានពិន័យជាប្រាក់ចំនួន ១០០,០០០រៀល ពាក់ព័ន្ធនឹងបទល្មើស «រូបភាព និងសម្ភារៈអាសអាភាស» ដែលបានប្រព្រឹត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ បទល្មើសនេះ ត្រូវបានចែង និងផ្តន្ទាទោសតាមមាត្រា ៣៨ និងមាត្រា ៣៩ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមថា បន្ទាប់ពីធ្លាប់បម្រើការងារជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្ន លោក អ៊ុំ សុភឿន ត្រូវបានផ្លាស់ប្តូរភារកិច្ចឱ្យមកបម្រើការងារជាមន្ត្រីនៅការិយាល័យធនធានមនុស្ស នៃសាលាខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះ បានបង្កើតជាមតិដេញដោល និងចោទជាសំណួរពីសាធារណជនជុំវិញលក្ខខណ្ឌ និងនីតិវិធីច្បាប់ក្នុងការរក្សាក្របខ័ណ្ឌ ឬការចាត់តាំងភារកិច្ចមន្ត្រីរាជការ ដែលធ្លាប់មានប្រវត្តិតុលាការផ្តន្ទាទោសព្រហ្មទណ្ឌ រួមទាំងការពិនិត្យប្រវត្តិរូប ដោយស្ថាប័នពាក់ព័ន្ធមុនពេលផ្ទេរភារកិច្ច។
ឆ្លើយតបនឹងការទម្លាយឯកសារខាងលើ គណនីហ្វេសប៊ុកឈ្មោះ Sophoeurn Um (ដែលគេស្គាល់ជាសាម៉ីខ្លួន) បានបង្ហោះរូបភាព «ព្រឹត្តិបត្រថ្កោលទោសលេខ ៣» ចេញដោយក្រសួងយុត្តិធម៌។ នៅក្នុងព្រឹត្តិបត្រនោះ បានបញ្ជាក់ថា សាម៉ីខ្លួនពុំមានកត់ត្រាទោសជាដាច់ខាតនៅក្នុងប្រព័ន្ធបញ្ជីថ្កោលទោសឡើយ។ រួមជាមួយរូបភាព គណនីនេះបានសរសេរសារអមថា៖ «បុគ្គលបំភ្លឺព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ទោះជាយ៉ាងណា ផ្អែកលើព័ត៌មានដែលមាននៅក្នុងលិខិត ព្រឹត្តិបត្រថ្កោលទោសលេខ ៣ នោះ ត្រូវបានចេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយមានសុពលភាពកំណត់ត្រឹមរយៈពេល ៣ខែ (ពោលគឺបានផុតកំណត់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥)។
អង្គភាពសារព័ត៌មាន រង់ចាំទទួលការបំភ្លឺបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តស្ទឹងត្រែង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជម្រះមន្ទិល និងបញ្ជាក់អំពីស្ថានភាពច្បាប់ និងការងារផ្លូវការរបស់លោក អ៊ុំ សុភឿន ស្របតាមគោលការណ៍តម្លាភាព និងច្បាប់ជាធរមាន៕

October 06, 2026
www.tsp68tvonline.com





0 Comments:
Post a Comment