(ANCHORAGE, Alaska)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថារូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជាលោក ត្រាំ អះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក ត្រាំ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោក ពូទីន នឹងត្រូវរៀបចំជំនួបមួយដើម្បីព្យាយាមស្វែងរកបទឈប់បាញ់ឈានទៅរកការបិទបញ្ចប់ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក ត្រាំ បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ក្រោយកិច្ចប្រជុំជាមួយលោក ពូទីន ក្នុងរដ្ឋ Alaska ដូច្នេះថា «ឥលូវ វាគឺអាស្រ័យ លើលោក ហ្សេលេនស្គី ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីអ៊ុយក្រែន ហើយបណ្ដាប្រទេសអឺរ៉ុបក៏នឹងត្រូវចូលរួមបន្តិចបន្តួច ប៉ុន្តែអ្វីៗគឺអាស្រ័យលើលោក ហ្សេលេនស្គី ហើយ បើពួកគេពេញចិត្ត ខ្ញុំនឹងចូលរួមកិច្ចប្រជុំបន្ទាប់»។ លោក ត្រាំក៏បានព្យាករដែរថាបច្ចុប្បន្ននឹងមានការចាប់ផ្ដើមគិតគូររៀបចំកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន។
កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន ជំហានដំបូងនេះទំនងជាមិនអាចសម្រេចបានការបោះជំហានធំដុំណាមួយឆ្ពោះទៅរកបទឈប់បាញ់សម្រាប់សង្រ្គាមអ៊ុយក្រែន ឡើយ ឬក៏ឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំរវាងលោក ពូទីន និងលោក ហ្សេលេនស្គីឡើយ។ លោក ពូទីនវិញក៏បាននិយាយដែរថារូបលោកផ្ទាល់រំពឹងថាអ៊ុយក្រែន និងបណ្ដាប្រទេសអឺរ៉ុប នឹងទទួលយកលទ្ធផលនៃកិច្ចចរចាប្រកបដោយលក្ខខណៈស្ថាបនារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយនឹងមិនព្យាយាមរារាំង ឬបង្កការរំខានដល់ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពនោះទេ៕





August 16, 2025
www.tsp68tvonline.com

0 Comments:
KKK
Post a Comment