ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានបង្ហាញពីគោលបំណងសំខាន់ៗមានការសិក្សានិងស្រង់ទិន្នន័យអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រនិងស្ថានភាពមុខរបររបស់ប្រជាពលរដ្ឋ តាមបណ្តាភូមិដែលស្ថិតនៅក្នុងតំបន់៣និងតំបន់២។ ពិនិត្យផលប៉ះពាល់ដែលកើតមានពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅ ក្នុងតំបន់ការពារបឹងទន្លេសាប។ រៀបចំផែនការអភិវឌ្ឍដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ការពារបឹងទន្លេសាបនិងដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ការទន្ទ្រានរបស់ជនខិលខូចទៅលើបឹងទន្លេសាប។
ជាមួយគ្នានេះដែរ ឯកឧត្តម ឡោ ដាវុធ បានថ្លែងថា បឹងទន្លេសាបជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា បឹងនេះបានផ្តល់ត្រីស្រស់សម្រាប់ជាអាហារប្រចាំថ្ងៃ ផ្តល់ប្រភពទឹកប្រើប្រាស់ និងស្រោចស្រពផ្តល់ការងារដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងប្រមាណជាង១.៥លាននាក់។ អត្ថប្រយោជន៍ទាំងនេះត្រូវបានប៉ាន់ប្រមាណជាទឹកប្រាក់ប្រមាណជាង២០០០លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។ ផ្ទុយទៅវិញបឹងទន្លេសាបកំពុងទទួលរងផលប៉ះពាល់ពីសកម្មភាពមនុស្សនិងធម្មជាតិ ដែលបានបំផ្លាញជីវៈចម្រុះ នៅក្នុងបឹងក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភនិងទាមទារការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់បញ្ហាទាំងនេះពីគ្រប់ដៃគូពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវរបាយការណ៍បូកសរុបលទ្ធផលការងារពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ របាយការណ៍នេះនឹងបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវពីស្ថានភាពភូមិសាស្ត្រ ស្ថានភាពប្រជាសាស្ត្រ សង្គមសេដ្ឋកិច្ច និងការប្រើប្រាស់ដីនៅក្នុងភូមិ ឃុំ/សង្កាត់ ដែលស្ថិតនៅក្នុងតំបន់ការពារបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ លើសពីនេះទៅទៀត របាយការណ៍នេះក៏នឹងបង្ហាញផងដែរនូវផលប៉ះពាល់នៃសកម្មភាពអាស្រ័យផលរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម សក្តានុពល ផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដែលមានស្រាប់ និងតម្រូវការកម្មវិធីអភិវឌ្ឍក្នុងឃុំ/សង្កាត់ នៃតំបន់ការពារបឹងទន្លេសាប។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកំពង់ធំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលជួយសម្របសម្រួលការងារ និងបានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរ ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យនារយៈពេលកន្លងទៅនេះ។ ចូលរួមចំណែកជាមូលដ្ឋានដល់ការរៀបចំផែនការអភិវឌ្ឍឃុំ នៅក្នុងតំបន់ការពារបឹងទន្លេសាប ដើម្បីធានាបានការអភិវឌ្ឍមួយដែលប្រកបដោយចីរភាពនិងចំគោលដៅ ថែមទាំងត្រូវបានប្រើប្រាស់ដោយការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរស្រុក ឃុំ សង្កាត់និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដោយ ស៊ុម វណ្ណា



0 Comments:
Post a Comment